សង្គ្រោះ​ដំរីព្រៃ​មួយ​ហ្វូង​ធ្លាក់​ចូល​ក្នុង​រណ្តៅ​គ្រាប់​អា​បេ


ខេត្តមណ្ឌលគិរី ៖ ដំរីព្រៃ​មួយ​ហ្វូង​មានមេ​មានកូន បាន​រអិល​ធ្លាក់​ចូល​ក្នុង​រណ្តៅ​មួយ​ជម្រៅ​ប្រមាណ​៣​ម៉ែត្រ​កាលពី​ថ្ងៃ​ទី​២៥ ខែមីនា ធ្វើ​ឱ្យ​អ្នកស្រុក​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ ក្រោយ​ពី​ជាប់ផុង​ក្នុង​ល្បាប់​ភក់​អស់​ជា​ច្រើន​ម៉ោង ទើប​មន្ត្រី​បរិស្ថាន​និង​អ្នកស្រុក​នៅ​ជិត​កន្លែង​កើតហេតុ​បានដឹង និង​ជួយ​សង្គ្រោះ​ហ្វូង​ដំរី​ទាំងនោះ​ឲ្យ​ងើប​ចេញពី​រណ្តៅ​ដែល​មាន​ល្បាប់ភក់​នោះ​បាន ។

ជា​ការ​កត់សម្គាល់ ការ​សង្គ្រោះ​ហ្វូង​ដំរីព្រៃ​នេះ បាន​ប្រើ​ពេលវេលា​អស់​ជិត​១០​ម៉ោង​និង​ជា​ប្រតិបត្តិការ​លើក​ដំបូង​សម្រាប់​មន្ត្រី​ជំនាញ​ខាង​វិស័យ​ព្រៃឈើ សត្វព្រៃ នៅ​ប្រទេស​កម្ពុជា ដែល​កម្រ​កើត​មាន ក្នុង​ការ​ជួយ​ស្រោចស្រង់​ជីវិត​ដំរី​ចំនួន​១១​ក្បាល​ទាំង​ធំ​និង​តូច​ពី​ក្នុង​ណ្តៅ​មរណៈ ។

នៅ​កន្លែង​កើតហេតុ គេ​សង្កេត​ឃើញ​មាន​អ្នកស្រុក​ក្មេង​ចាស់​ប្រុស​ស្រី​រាប់​សិប​នាក់​ឈរ​ត្រៀបត្រា​ជុំវិញ​មាត់​រណ្តៅ​គ្រាប់​បេ​៥២ ដែល​តាម​អ្នកស្រុក​និយាយ​ថា ជា​រណ្តៅ​បន្សល់​ទុកតាំងពី​សម័យ​សង្គ្រាម​នា​ដើម​ទសវត្សរ៍​ឆ្នាំ​៧០ដើម្បី​តាមដាន​មើល​សកម្មភាព​ជួយ​សង្គ្រោះ​ដំរី​ដ៏​កម្រ ដែល​កំពុង​រស់នៅ​ទាំង​ភិតភ័យ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ។

ក្រុម​មន្ត្រី​និយាយ​ថា បន្ទាប់​ពី​ទទួល​បាន​ព័​ត៌មាន​ថា មាន​ហ្វូង​ដំរី​ដើរ​ធ្លាក់​ក្នុង​រណ្តៅ​គ្រាប់​បេ​៥២ មន្ត្រី​បរិស្ថាន​ដែល​ទទួល​ភារកិច្ច​បន្តការងារ​ពី​រដ្ឋបាល​ព្រៃឈើ និង​ដើម្បី​ការពារ ថែរក្សា​និង​អភិរក្ស​ព្រៃឈើ សត្វព្រៃ ក្នុង​ខេត្តមណ្ឌលគិរី បាន​រូតរះ​ចេញដំណើរ​ពី​ស្នាក់​ការ​ធ្វើការ ក្នុង​ដៃ​ប្រដាប់​ដោយ​ចប ប៉ែល និង​ដែក​ស្បែង​ជា​ច្រើន​ដើម ដើម្បី​សហការ​ជាមួយ​អ្នកស្រុក ជួយ​កាប់​កាយ​ដី​មាត់​រណ្តៅ​ឲ្យ​ទាប​ងាយស្រួល​ដល់​ដំរី​អាច​ឡើង​មក​មាត់​រណ្តៅ​បាន ។

ក្រោម​ការ​ខិតខំ​ប្រឹង​ជីក​កកាយ​ដី​ពី​សំណាក់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​អ្នកស្រុក​តាំងពី​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​២៥ ខែមីនា រហូត​ដល់​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ច្រក​ផ្លូវ​ដ៏​សម​ល្មម​មួយ​សម្រាប់​ដំរី​ដើរ​ឡើង​មក​មាត់​រណ្តៅ​ត្រូវ​បាន​ជីក​រួចរាល់ ហើយ​ដំរី​ចំនួន​១០​ក្បាល​ក៏​បាន​ប្រវេប្រវា​ឡើង​ចេញពី​រណ្តៅ​ភក់​មរណៈ​នោះ​ក្រោយ​ពី​មានការ​បាញ់​ទឹក​ចូល​រណ្តៅ ដើម្បី​ឲ្យ​ភក់​លែង​ស្អិត​អាច​ឱ្យ​ដំរី​រើខ្លួន​រួច ។ អ្វី​ដែល​ជា​ការ​កត់សម្គាល់  គឺ​គេ​ឃើញ​ដំរី​គ្នា​វា​ក៏​បាន​ជួយ​រុញ​គូទ​ឱ្យ​ដំរី​ក្នុង​ហ្វូង​របស់​ខ្លួន​អាច​ឡើង​រួច​ដែរ​។ ប៉ុន្តែ​ដោយសារ​ពួក​វា​ជាប់​ក្នុង​រណ្តៅ​យូរ​ពេក ទើប​បណ្តាល​ឲ្យ​មានការ​ហេវ​ហត់​អស់កម្លាំង​យ៉ាង​ខ្លាំង ហើយ​បើ​កុំ​តែ​មាន​មនុស្ស​ជួយ​បាញ់​ទឹក​ឲ្យ​ម្ល៉េះ​ពួក​វា​អាច​នឹង​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ទាំង​ហ្វូង​ផង​ក៏​មិនដឹង ។

យ៉ាងណា​ក៏​ដោយ ការ​ជួយ​សង្គ្រោះ​ដំរីព្រៃ​មួយ​ហ្វូង​នេះ មិន​បាន​បញ្ចប់​ត្រឹម​ម៉ោង​៣​រសៀលនោះ​ទេ ដ្បិត​កូន​ដំរី​តូច​ជាងគេ​មួយ​ក្បាល​មិន​អាច​ឡើង​រួច ដូច្នេះ​គេ​ត្រូវ​បន្ត​កាយ​ដី​ធ្វើ​ផ្លូវ​ម្តងទៀត​រហូត​ដល់​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល ដើម្បី​ឲ្យ​កូន​ដំរី​កម្សត់​ដែល​នៅ​សល់​១​ក្បាល​អាច​ងើប​ចេញពី​រណ្តៅ​ភក់​មរណៈ​បាន ហើយ​ប្រតិបត្តិ​ជួយ​សង្គ្រោះ​គ្រួសារ​ដំរី​បាន​បញ្ចប់​ជា​ស្ថាពរ ។

សូម​រំឭក​ថា ដំរី​ចំនួន​១១​ក្បាល​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា បាន​ដើរ​រអិល​ធ្លាក់ ចូល​ក្នុង​រណ្ដៅ​ភក់​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៥ ខែមីនា ស្ថិត​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។ ក្រោយ​មាន​ហេតុការណ៍​នេះ​កើតឡើង លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បាន​ដឹកនាំ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​កែវ​សីមា ទៅ​ជួយ​សង្គ្រោះ​ដំរី​ទាំង​១១​ក្បាល​នោះ ។

រហូត​មក​ដល់​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល ក្រុមការងារ​មន្ទីរ​បរិស្ថាន​ខេត្ត ដឹកនាំ​ដោយ​លោក កែវ សុភ​គ៌ បាន​ជីករណ្ដៅ​ដើម្បី​ជួយ​សង្គ្រោះ​ដំរី​ទាំង​១១​ក្បាល​នោះ​បាន​ដោយ​សុវត្ថិភាព​ចំនួន​១០​ក្បាល​ហើយ ហើយ​ដំរី​ទាំងនោះ​ក្រោយ​ពី​សង្គ្រោះ​បាន​ហើយ​ក៏​នាំ​បោល​ចូល​ទៅក្នុង​ព្រៃ​វិញ​អស់​ទៅ ។ លុះ​មក​ដល់​ម៉ោង​ប្រមាណ​៦​ល្ងាច គឺ​១​ម៉ោង​ក្រោយមក​ទៀត កូន​ដំរី​១​ក្បាល​ចុង​ក្រោយ​ក៏​ត្រូវ​ជួយ​សង្គ្រោះ​បានជា​ស្ថាពរ​ដែរ ។

សូម​បញ្ជាក់​ថា តំបន់​ដែល​មាន​សត្វព្រៃ​ក្នុង​ខេត្តមណ្ឌលគិរី កំពុង​រង​ការ​កាប់​ទន្ទ្រាន​យក​ដី​ពី​សំណាក់​ជនខិលខូច​អស់​ជា​ច្រើន​ម៉ឺន​ហិ​កតា​នា​ទស​វត្ស​ចុង​ក្រោយ​នេះ ក្នុង​នោះ
តំបន់​សំខាន់​ៗ​ដែល​កំពុង​រង​គ្រោះ​មាន​ដូច​ជាតំបន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​ដែនជម្រកសត្វព្រៃ​ណាំ​លៀ​ជាដើម ហើយ​គ្រាន់តែ​កន្លែង​ដែល​ដំរី​ធ្លាក់​ក្នុង​រណ្តៅ​ក៏​មាន​ស្ថានភាព​វាល​ស្រឡះ​អស់ហើយ​ដែរ ។

ការ​ធ្លាក់​ដំរីព្រៃ​ទាំង​ហ្វូង​ទៅ​ក្នុង​រណ្តៅ ប្រហែលជា​ពួក​វា​ដើរ​រក​ទឹក​ផឹក​នា​រដូវប្រាំង​នេះ ហើយ​ក្នុង​ការ​ចូល​ទៅ​សង្គ្រោះ​ហ្វូង​ដំរី​នោះ គឺ​មិន​មាន​ផ្លូវ​អាច​បើករថយន្ត​ចូល​ទៅ​បាន​ឡើយ ព្រោះ​ជា​ដី​វាល​កណ្តាល​ព្រៃ ។ កាលពី​ថ្ងៃ​ទី​២៥ ខែមីនា​នោះ​ដែរ សាធារណ​មតិ​ដែល​បាន​តាមដាន​ព័ត៌មាន​តាម​ហ្វេ​ស​ប៊ុ​ក បាន​សម្តែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុម​អ្នក​សង្គ្រោះ​ជីវិត​ហ្វូង​ដំរី ហើយ​នេះ​ជា​ការ​បង្ហាញ​ពី​មោទនភាព​មួយ​ក្នុង​ការ​គាំពារ​សត្វព្រៃ​ដ៏​កម្រ​ដែល​កំពុង​ប្រឈម​នឹង​ការ​ដាច់​ពូជ ខណៈ​ដែល​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ហាក់​គ្មាន​វិធានការ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ ៕

 


Leave a Reply

Your email address will not be published. Required fields are marked *