ប្រើប្រាស់​ទូរស័ព្ទ​ពេល​បើកបរ​ខុស​ច្បាស់​ឬទេ?


ថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧ ម៉ោង ០៨:០០   (28-03-2017 08:00)

នៅ​លើ​ដងផ្លូវ គេ​ច្រើន​ឃើញ​មាន​អ្នកបើកបរ​ផង និយាយ​ទូរស័ព្ទ​ផង​។ ចំណែក​អ្នកខ្លះ​ទៀត​នោះ ពេល​ឈប់​ស្តុ​ប​ម្តង​ៗ​នាំ​គ្នា​ចុច​ទូរស័ព្ទ​លេង​ហ្វេ​ស​ប៊ុ​ក​ថែម​ទៀត​ផង​។ តើ​ពួក​គេ​សម​នឹង​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាស់​ដែរ​ឬទេ?

ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ឆ្នាំ​២០១៥ នៅ​មាត្រា​៨ ចំណុច​ទី​៦ បាន​ចែង​ថា «​ហាម​ប្រើ​ទូរស័ព្ទ​នៅ​ពេល​កំពុង​បើកបរ​យានជំនិះ ដោយ​គ្មាន​ឧបករណ៍​សំឡេង​ភ្ជាប់​ទំនាក់ទំនង​»​។ ក៏​ប៉ុន្តែ​នៅ​លើ​ដងផ្លូវ​សព្វថ្ងៃ ពិសេស​នៅ​ពេល​កកស្ទះ​ចរាចរណ៍​មិន​ថា អ្នកបើកបរ​ឡាន ឬ​ក៏​អ្នកបើកបរ​ម៉ូតូ​ទេ គឺ​មួយ​ចំនួន​ធំ​បាន​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​។ ការ​ប្រើប្រាស់​ទូរស័ព្ទ​នោះ​ទៀត​សោត គឺ​មិន​ត្រឹមតែ​សម្រាប់​និយាយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប្រើប្រាស់​ចុច​លេង​ហ្វេ​ស​ប៊ុ​ក​ថែម​ទៀត​។

ជា​ការ​ពិត​មិន​ថា អ្នកបើកបរ​ឡាន ឬ​ម៉ូតូ​ទេ នៅ​ពេល​លើក​ចុច​មើល​ទូរស័ព្ទ​និយាយ ឬ​ក៏​លេង​ហ្វេ​ស​ប៊ុ​ក មើល​សារ​ផ្សេង​ៗ គឺ​អាច​នឹង​បង្ក​គ្រោះថ្នាក់ ជាយថាហេតុ ដោយ​នឹក​ស្មាន​មិន​ដល់​។ ជួនកាល​រវល់​តែ​អោន​ឈ្ងោក​ៗ​ចុច​មើល​ទូរស័ព្ទ ក៏​ជ្រុល​ទៅ​បុក​គេ​នៅ​ខាង​មុខ​ក៏​មាន​។ បើ​មិន​បុក​គេ​ទេ ក៏​រំខាន​ដល់​អ្នកបើកបរ​នៅ​ពីក្រោយ ព្រោះ​នៅ​ពេល​ចុច​មើល​ទូរស័ព្ទ ឬ​ក៏​និយាយ​ទូរស័ព្ទ​ក្នុង​ពេល​បើកបរ អ្នក​នោះ​ត្រូវ​បង្អង់​ល្បឿន ស្តាំ​មិន​ចំ​ស្តាំ ហើយ​បើក​ខាងឆ្វេង​ក៏​មិន​ចំ​ខាងឆ្វេង​។

តាម​ផ្លូវ​សព្វថ្ងៃ ពិសេស​នៅ​ភ្នំពេញ គេ​ឃើញ​អ្នកបើកបរ​យានយន្ត​មួយ​ចំនួន​ពិសេស​អ្នក​បើកឡាន​ជា​ក្រុម​យុវវ័យ​បាន​ចុច​លេង ឬ​ប្រើ​ទូរស័ព្ទ​នៅ​ពេល​ផ្លូវ​កកស្ទះ​ចរាចរណ៍​។ អ្នកបើកបរ​ខ្លះ​ថា ពេល​កកស្ទះ​ចរាចរណ៍ អត់​សុខ​ក៏​ទាញ​ទូរស័ព្ទ​ដៃ​ទំនើប Smart Phone របស់​ខ្លួន​មក​ចុច​មើល​ហ្វេ​ស​ប៊ុ​ក​បណ្តើរ ដើម្បី​កុំ​ឲ្យ​ធុញទ្រាន់​ពេក​។

ក៏​ប៉ុន្តែ​ពេល​ខ្លះ ការ​កម្សាន្ត​អារម្មណ៍​នោះ ក៏​ប្រែជា​ទៅ​បុក​គូទ​ឡាន​គេ កើតជា​រឿងរ៉ាវ ហើយ​បង្ក​ការ​កកស្ទះ​កាន់តែ​ខ្លាំង និង​ត្រូវ​ចេញ​លុយ​សង​ថ្លៃ​ជួសជុល​ឡាន​គេ​ក៏​មាន​។ នេះ​យើង​គិត​គ្រាន់តែ​បុក​ឡាន ឬ​ម៉ូតូ ចុះបើ​គ្រោះថ្នាក់​ដល់​មនុស្ស របួស ឬ​ក៏​ស្លាប់ តើ​អ្នកបើកបរ​នោះ ត្រូវ​ទទួលខុសត្រូវ​ធ្ងន់ធ្ងរ​បែប​ណា?

រីឯ​អ្នកបើកបរ​ម៉ូតូ​វិញ សព្វថ្ងៃ​ក៏​មាន​មួយ​ចំនួន​ចាប់ផ្តើម​ប្រើ​ទូរស័ព្ទ និង​លើក​ទូរស័ព្ទ​ចុច​លេង​ច្រើន​ដែរ នៅ​តាម​ផ្លូវ​។ អ្នក​ជិះ​ម៉ូតូ​ប្រភេទ​នេះ គឺ​គ្រោះថ្នាក់​ជាង​ឡាន​ទៅ​ទៀត​។ ពេល​ខ្លះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ផង និង​អ្នក​ដទៃ​ផង ដោយសារ​តែ​រវល់​តែ​ដៃ​ម្ខាង​កាន់​ទូរស័ព្ទ ហើយ​ដៃ​ម្ខាង​កាន់ចង្កូត​។ ជាង​នេះ​ទៅ​ទៀត ក៏​ប្រឈម​នឹង​ចោរឆក់​ទូរស័ព្ទ​ថែម​ទៀត​។ បាត់​ទាំង​ទូរស័ព្ទ ដួល​ម៉ូតូ គ្រោះថ្នាក់ អាច​នឹង​ដល់​ជីវិត​ក៏​អាច​ថា​បាន​។

បើ​ចាំបាច់​ណាស់ អ្នកបើកបរ​យានយន្ត​ទាំង​ឡាន មិន​ថា ឡាន ឬ​ម៉ូតូ​ទេ បើ​ត្រូវ​ប្រើ​ទូរស័ព្ទ​ក្នុង​ការ​និយាយ​គ្នា គឺ​ត្រូវ​ដាក់​កាស​ត្រចៀក​។ មិន​អីចឹង​ទេ ត្រូវ​រក​កន្លែង​គួរសម អេប​ខាងស្តាំ​ផ្លូវ ហើយ​និយាយ​ទូរស័ព្ទ​ឲ្យ​ចប់ ចាំ​បន្តដំណើរ​ទៅ​មុខ​ទៀត​។

ច្បាប់​បាន​កំណត់​រួច​ហើយ តែ​អ្នកបើកបរ​មួយ​ចំនួន​នៅ​តែ​ល្មើស​។ ដូច្នេះ​ប៉ូលិស​ចរាចរណ៍ ក៏​គួរតែ​រឹត​បន្តឹង និង​ចាប់បង្ខំ​ផាកពិន័យ​លើ​អ្នកបើកបរ​យានយន្ត​ដែល​ប្រើប្រាស់​ទូរស័ព្ទ ដូច​អ្វី​ដែល​ប៉ូលិស​ចរាចរណ៍​បាន​អនុវត្ត​សព្វថ្ងៃ លើ​ការ​ផាកពិន័យ​អ្នកបើកបរ​យានយន្ត មិន​ពាក់មួក​សុវត្ថិភាព មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់ ឬ​ម៉ូតូ​មិន​មាន​កញ្ចក់​មើល​ក្រោយ ដូច្នោះ​ដែរ​៕


Leave a Reply

Your email address will not be published. Required fields are marked *